Thursday, December 27, 2007

សំនួរ​ដែល​គេ​ចូលចិត្ត​សួរ​បំផុត​នៅ​ពេល​សំភាសន៌​ការងារ

ក្រោយ​ពី​ឆ្លង​កាត់​បទ​ពិសាធន៍​ច្រើន​លើក​ច្រើន​សា​​ក្នុងការ​សំភាសន៍ការងារ «​ពេល​ខ្លះ​ក៏​ធ្លាក់ ពេល​ខ្លះ​ក៏​ជាប់ :D»​ និង​ស្រាវ​ជ្រាវ​អត្ថបទ​​មួយ​ចំនួន​ស្តី​ពី​កិច្ចសំភាសន៌​ការងារ ខ្ញុំ​យល់​ថាខ្ញុំ​គួរ​តែ​ដក​ស្រង់ និងសងេ្ខប​ខ្លឹមសារ​អត្ថបទ​​ទាំង​នោះ​ទុក​ជា​ការ​រំលឹក​ដាស់​តឿន និងជា​គំនិត​សំរាប់​ខ្ញុំ និង​អ្នក​ដែល​បាន​អាន​ប្រកាស​នេះ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អាចទទួល​ជោគ​ជ័យ​ក្នុង​ការ​សំភាសន៌​ការងារ។

ជាទូទៅ​អ្នក​គ្រប់​គ្រង រឺ​និយោជក​តែងតែ​ចង់​បាន​នូវ​និយោជិតដែល​ប្រកប​ដោយ​សមត្ថភាព​ដើម្បី​មក​ជួយ​ការងាររបស់​គេ។ ដូច្នេះ​ដើម្បី​ទទួល​បាន​នូវ​បុគ្គល​មួយ​រូប​ដែល​មាន​លក្ខណះ​សម្បត្តិគ្រប់​គ្រាន់ និង​មាន​សមត្ថភាព គឺ​គេ​ត្រូវ​ការចំរាញ់យកបុគ្គល​នោះពី​មនុស្ស​រាប់​រយ​ រឺ​រាប់​ពាន់នាក់។ ក្ន្ុង​ការ​ចំរាញ់​ជ្រើស​រើស គេ​តែង​តែ​ប្រើ​ប្រាស់​នូវ​វិធីសាស្រ្ត​ ២ យ៉ាង​គឺ​ការ​ធ្វើ​​ត្តេស​សមត្ថភាព និង​សំភាសន៍​ផ្ទាល់​មាត់។

តាម​ពិត​ទៅ​គ្រប់​ការ​សំភាសន៍​គឺ​មានលក្ខណះ​ខុសៗ​គ្នា ជាពិសេស​គឺ​សំនួរ។ ក្នុង​នាម​ជា​បេក្ខ​ជន​មួយរូប​ យើង​ទាំង​អស់​គ្នា​គឺ​ពិត​ជាចង់​ដឹង​ថា​តើ​គេ​នឹង​សួរ​សំនួរ​អ្វី​ខ្លះមក​យើង។ ខណះ​ពេល​ដែល​យើង​មិន​អាច​ទាយ​ដឹង​ជា​មុន​ថា​តើ​សំនួរ​អ្វី​ខ្លះ​ដែល​គេ​នឹង​សួរ​​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​ត្រៀម​ខ្លួន​ជា​មុនដោយ​ត្រៀម​ទុក​នូវ​ចំលើយ​សំរាប់​សំនួរ​ដែល​អ្នក​គ្រប់​គ្រង រឺ​និយោជក​ចូល​ចិត្ត​​សួរ​បំផុត​​នៅ​ពេល​សំភាសន៌​ការងារ។​ សំនួរដែល​គេនិយម​សួរ​បំផុត និង​ប្រ​ហែល​ជា​មិន​ដែល​ខានពេល​សំភាសន៌​ការងារ​នោះ​គឺ ៖

១. សូម​អ្នករៀប​រាប់​អំពី​ខ្លួន​អ្នក​ - ចំណុច​ខ្លាំង និងចំណុច​ខ្សោយ «Tell me a little about yourself? OR Can you tell me a bout yourself? AND What are your strengths and weakness?»

២. ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​បំរើ​ការ​នៅ​ទីនេះ? «Why do you want to work here?»

៣. ហេតុ​អ្វី​បាន​ជា​អ្នក​ឈប់​ពី​ការងារ​បច្ចុប្បន្ន​ (ការងារចុង​ក្រោយ) របស់​អ្នក «Why did you leave your last job?»

៤. តើ​អ្នក​ដោះ​ស្រាយ​បញ្ហា និង​កិច្ចការ​លំបាក​ដោយ​របៀប​ណា?​ «How do you handle diffcult taks? OR Give me an example of a time when you had to think out of the box?»

៥. តើ​អ្នកគិត​ថា​ហេតុ​ដូចម្តេច​បាន​ជា​ខ្ញុំ​ត្រូវ​ជ្រើស​រើស​យក​អ្នក? «Why should we hire you? OR What can you do for usethat other candidates can't?»

៦. តើ​អ្នក​ចង់​ធ្វើ​អ្វី រឺ​ក្លាយ​ជា​អ្វី​ក្ន្ុង​រយះ​ពេល​ ៥ ឆ្នាំ​ទៀត? «​Where do you see yourself in five years?»

៧. តើ​អ្នក​មាន​សំណួរ​អ្វី​ចង់​សួរ​ខ្ញុំ​វិញ​ទេ? «Do you have any questions for me?»

ក្រៅ​ពី​សំនួរ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ សំនួរផ្សេង​ទៀត​​ដែល​​អ្នក​គ្រប់​គ្រង រឺ​និយោជក​នឹង​សួរ​នោះ​គឺ​ច្រើន​តែ​ទាក់​ទង​នឹង​ការងារ​ និង​កាតព្វ​កិច្ច​ដែល​​មាន​ចែង​នៅ​ក្នុង​លក្ខខ័ណ្ឌ​ការងារ (ToRs រឺ Job Descriptions) សំរាប់​តួ​នាទី​​របស់​អ្នក​ដែល​គេ​ត្រូវ​ការ​ជ្រើស​រើស​នឹង។

ប្រសិន​បើ​អ្នក​អាច​ប្រុង​ប្រៀប និងត្រៀមចំលើយ​ដែល​ទាក់​ទង​នឹង​ខ្លួន​អ្នក​​ជាមុន​សំរាប់​សំនួរ​ខាងលើ ខ្ញុំ​គិត​ថា​អ្នក​នឹង​ធ្វើ​បាន​ល្អ​បំផុត និងទទួល​ជោគជ័យ​ក្នុង​ការសំភាសន៍​ជា​មិន​ខាន។

អ្វី​ខាង​លើ​ដែល​ខ្ញុំ​លើក​យក​​មក​ចែក​រំលែក​នេះ​ គ្រាន់​តែ​ជា​អ្វី​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់​បាន​សិក្សា​ពី​អ្នក​និពន្ធផ្សេងៗ និងបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ដែល​​ខ្ញុំ​បាន​ឆ្លង​កាត់​ពេល​សំភាសន៌​ការងារ។ ជាពិសេស​ជាមួយ​នឹង​ការងារ​ដែល​ខ្ញុំ​បាន​​ប្រលង​ក្នុង​រយះកាល ២ ឆ្នាំ​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជាតំណរ​ដែល​អ្នក​អាច​ចូលទៅ​អាន​អត្ថ​បទ​ផេ្សងៗ​ស្តី​ពី​ប្រធាន​បទ​ខាង​លើ។